3. ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿងកាលពីជំនាន់មុន?ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មីមានភាពដូចម្ដេចដែរ?អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះមិនល្អទាល់តែសោះ!
4. ឥឡូវនេះ សូរ៉ូបាបិលអើយចូរមានចិត្តក្លាហានឡើង!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។មហាបូជាចារ្យយេសួរជាកូនរបស់លោកយ៉ូសាដាកអើយចូរមានចិត្តក្លាហានឡើង!ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយចូរមានចិត្តក្លាហានឡើង!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ចូរនាំគ្នាធ្វើការទៅដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
5. ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយអ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីបដូច្នេះ កុំខ្លាចអ្វីឡើយ!»។
6. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«បន្តិចទៀត យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីព្រមទាំងសមុទ្រ និងដីគោក កក្រើក។
7. យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិទាំងអស់នឹងហូរចូលមកក្នុងដំណាក់របស់យើងហើយយើងនឹងធ្វើឲ្យដំណាក់នេះបានថ្កុំថ្កើងរុងរឿងនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
8. ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
9. សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពីជំនាន់មុនទៅទៀត។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
10. នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីហាកាយដូចតទៅ:
11. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរសួរយោបល់ពួកបូជាចារ្យដូចតទៅ:
12. “ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកបូជាចារ្យឆ្លើយថា«ទេ!»។