2. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។
3. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយ ដូចតទៅ៖
4. «ពេលដំណាក់របស់យើងបាក់បែកនៅឡើយតើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែងដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
5. ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
6. អ្នករាល់គ្នាសាបព្រោះច្រើនតែច្រូតបានផលតិចអ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែតអ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅអ្នកធ្វើការទទួលប្រាក់ឈ្នួលតែដូចជាទុកនៅក្នុងថង់កណ្ដាច»។
7. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
8. ចូរនាំគ្នាឡើងទៅលើភ្នំយកឈើមកសង់ដំណាក់របស់យើង។យើងពេញចិត្តនឹងដំណាក់នេះហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើនតែអ្នករាល់គ្នាទទួលបានតិច។អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះតែយើងបានផ្លុំបំបាត់អស់ទៅ។ហេតុអ្វីបានជាដូច្នេះ?គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយហើយអ្នករាល់គ្នាគិតតែខ្នះខ្នែងពីរឿងផ្ទះសំបែងរបស់ខ្លួន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
10. ហេតុនេះហើយបានជាមេឃទប់មិនឲ្យមានភ្លៀងធ្លាក់ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។
11. យើងនឹងធ្វើឲ្យកើតរាំងស្ងួតគ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែលើចម្ការទំពាំងបាយជូរ លើចម្ការអូលីវលើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើឥតបង្កើតបានផលអ្វីឡើយ»។
12. ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។
13. លោកហាកាយ ដែលព្រះអម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ព្រះអម្ចាស់ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ