1. យេរូសាឡឹមត្រូវវេទនាជាពុំខានព្រោះអ្នកក្រុងនេះជាជនបះបោរប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។
2. ពួកគេមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។
3. មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហដែលគិតតែពីគ្រហឹម។ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចកដែលរកស៊ីនៅពេលល្ងាចហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរនៅពេលព្រឹកឡើយ។
4. ព្យាការីរបស់ពួកគេជាមនុស្សក្អេងក្អាងហើយក្បត់មុខងាររបស់ខ្លួន។បូជាចារ្យរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗដែលជាទីសក្ការៈ ព្រមទាំងបំពានលើក្រឹត្យវិន័យ។
5. ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងចំណោមពួកគេព្រះអង្គសុចរិត ឥតធ្វើអ្វីខុសសោះរៀងរាល់ព្រឹក ព្រះអង្គបង្ហាញយុត្តិធម៌ឲ្យពួកគេឃើញច្បាស់មិនដែលអាក់ខានទេ។ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។
6. ព្រះអង្គមានព្រះបន្ទូលថា៖«យើងបានកម្ទេចប្រជាជាតិនានាយើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេយើងធ្វើឲ្យផ្លូវរបស់គេនៅស្ងាត់ជ្រងំគ្មានមនុស្សដើរ!ក្រុងរបស់គេនឹងត្រូវអន្តរាយលែងមានប្រជាជនរស់នៅទៀត។
7. យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាចនិងព្រមទទួលការស្ដីប្រដៅពីយើងដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវវិនាសអន្តរាយទេ”។ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាបគ្រប់បែបយ៉ាង។
8. ហេតុនេះ ចូរចាំយើងសិន!ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយយើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើងទៅលើពួកគេ ដូចភ្លើងឆាបឆេះដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះផែនដីទាំងមូល-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. ពេលនោះ យើងនឹងជម្រះបបូរមាត់ជាតិសាសន៍នានាឲ្យបរិសុទ្ធដើម្បីឲ្យពួកគេទាំងអស់គ្នាអង្វររកនាមយើងជាព្រះអម្ចាស់ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។
10. អ្នកថ្វាយបង្គំយើង ដែលយើងកំចាត់កំចាយឲ្យទៅនៅខាងនាយទន្លេស្រុកអេត្យូពីនឹងនាំគ្នាយកតង្វាយមកឲ្យយើង។