5. ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រមុខជាត្រូវវេទនាពុំខាន ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នាថា៖ «ទឹកដីកាណានស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នកលែងឲ្យមានប្រជាជនរស់នៅទៀតហើយ។
6. ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជាវាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វនិងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។
7. កូនចៅយូដាដែលនៅសេសសល់នឹងប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូនធ្វើជាជម្រកស្នាក់អាស្រ័យនៅពេលយប់។ ព្រះអម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេលព្រះអង្គស្ដារស្រុករបស់ពួកគេឡើងវិញ។
8. «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់និងអ្នកស្រុកអាំម៉ូនជេរប្រមាថត្មះតិដៀលប្រជារាស្ត្ររបស់យើងព្រមទាំងឈ្លានពានទឹកដីរបស់គេផង។
9. ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅយើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា:ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុមស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរគឺជាកន្លែងដែលមានបន្លាដុះពាសពេញជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់នឹងរឹបអូសយកទ្រព្យរបស់ពួកគេហើយចាប់យកទឹកដីរបស់ពួកគេទៀតផង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។
10. ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពីពួកគេមានអំនួត ពួកគេត្មះតិះដៀលប្រជារាស្ត្ររបស់ព្រះអម្ចាស់នៃពិភពទាំងមូលព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។
11. ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាចដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មានឲ្យអស់ពីផែនដីប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គនៅតាមកន្លែងរបស់គេរៀងៗខ្លួន។
12. «ជនជាតិអេត្យូពីអើយអ្នករាល់គ្នាក៏ដូច្នោះដែរយើងនឹងចាក់ទម្លុះអ្នករាល់គ្នាដោយដាវរបស់យើង»។
13. ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារស្រុកខាងជើងព្រះអង្គនឹងកម្ទេចស្រុកអាស្ស៊ីរីព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេក្លាយទៅជាទីស្មសានជាកន្លែងហួតហែងដូចវាលរហោស្ថាន។
14. ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមាក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។ក្របទ្វារផ្ទះបាក់បែកអស់ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
15. មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថាគ្មាននរណាផ្ទឹមស្មើនឹងខ្លួនបានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។អស់អ្នកដែលដើរកាត់តាមនោះនាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។