7. ចូរស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។ ព្រះអម្ចាស់បានរៀបចំយញ្ញបូជាព្រះអង្គជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀងឲ្យបានបរិសុទ្ធហើយ។
8. «នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោសពួកមេដឹកនាំ និងកូនៗរបស់ស្ដេចព្រមទាំងអស់អ្នកដែលស្លៀកពាក់តាមសាសន៍ដទៃ។
9. នៅថ្ងៃនោះ យើងនឹងដាក់ទោសអស់អ្នកដែលលោតពីលើក្របទ្វារព្រះវិហារ តាមរបៀបសាសន៍ដទៃ។យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្តអំពើឃោរឃៅ និងកលល្បិចពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។
10. នៅថ្ងៃនោះនឹងមានឮសម្រែកលេចចេញពីទ្វារមច្ឆាសម្រែកយំសោកលេចឮពីជាយក្រុងម្ខាងហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំងនៅតាមភ្នំ។
11. ប្រជាជននៅផ្សារក្រោមអើយចូរនាំគ្នាស្រែកយំទៅ!ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។
12. នៅគ្រានោះ យើងនឹងកាន់ចន្លុះរុករកអស់អ្នកដែលយើងត្រូវដាក់ទោសនៅក្រុងយេរូសាឡឹម។អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។
13. ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយកផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។ពួកគេសង់ផ្ទះ តែមិនអាចរស់នៅក្នុងផ្ទះនោះទេពួកគេដាំទំពាំងបាយជូរតែពុំអាចផឹកស្រាទំពាំងបាយជូរដែរ»។
14. ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។ថ្ងៃដែលព្រះអម្ចាស់យាងមកគេនឹងស្រែកយំយ៉ាងជូរចត់សូម្បីតែទាហានដ៏អង់អាចក៏ស្រែកហៅគេជួយដែរ។
15. ថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំងជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់ជាថ្ងៃមហន្តរាយ និងហិនវិនាសជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការជាថ្ងៃដែលមានពពក ងងឹតអាប់អួ
16. ជាថ្ងៃដែលឮសំឡេងស្នែងនិងសម្រែកសឹកសង្គ្រាមវាយយកក្រុងដ៏មានកំពែងរឹងមាំ និងមានប៉មយ៉ាងខ្ពស់។
17. ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកវេទនាពួកគេនឹងដើរដូចមនុស្សខ្វាក់ដ្បិតពួកគេប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ឈាមរបស់ពួកគេនឹងខ្ចាយទៅគ្រប់ទីកន្លែងដូចធូលីដីសាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
18. នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំងប្រាក់ ឬមាសពុំអាចរំដោះពួកគេទេ។ផែនដីទាំងមូលនឹងត្រូវរលាយដោយសារភ្លើងនៃព្រះពិរោធ។ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដីជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។