1. នេះជាព្រះបន្ទូល ដែលព្រះអម្ចាស់ថ្លែងមកកាន់លោកសេផានា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដាលា ជាចៅទួតរបស់លោកអម៉ារា និងជាចៅលួតរបស់លោកហេសេគា នៅរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន ស្ដេចស្រុកយូដា។
2. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី
3. យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វយើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។យើងនឹងកម្ទេចអ្វីៗដែលនាំឲ្យមនុស្សអាក្រក់ជំពប់ដួលព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4. យើងនឹងលើកដៃប្រហារស្រុកយូដានិងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមយើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើប្រាស់សម្រាប់គោរពព្រះបាលព្រមទាំងលែងឲ្យមាននរណានឹកនាដល់ពួកអាចារ្យ និងពួកបូជាចារ្យរបស់ព្រះនោះទៀត។
5. យើងក៏កម្ទេចអស់អ្នកដែលឡើងលើផ្ទះដើម្បីថ្វាយបង្គំផ្កាយព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើងហើយស្បថក្នុងនាមយើងជាព្រះអម្ចាស់ផងស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។
6. យើងនឹងកម្ទេចអស់អ្នកដែលងាកចេញពីយើងជាព្រះអម្ចាស់ អស់អ្នកដែលមិនស្វែងរកយើងហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
7. ចូរស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។ ព្រះអម្ចាស់បានរៀបចំយញ្ញបូជាព្រះអង្គជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀងឲ្យបានបរិសុទ្ធហើយ។
8. «នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោសពួកមេដឹកនាំ និងកូនៗរបស់ស្ដេចព្រមទាំងអស់អ្នកដែលស្លៀកពាក់តាមសាសន៍ដទៃ។
9. នៅថ្ងៃនោះ យើងនឹងដាក់ទោសអស់អ្នកដែលលោតពីលើក្របទ្វារព្រះវិហារ តាមរបៀបសាសន៍ដទៃ។យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្តអំពើឃោរឃៅ និងកលល្បិចពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។
10. នៅថ្ងៃនោះនឹងមានឮសម្រែកលេចចេញពីទ្វារមច្ឆាសម្រែកយំសោកលេចឮពីជាយក្រុងម្ខាងហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំងនៅតាមភ្នំ។