1. ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរ សម្រាប់សង់ផ្ទះ។
2. ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។
3. ព្រះប្រាជ្ញាញាណចាត់អ្នកបម្រើឲ្យទៅប្រកាស នៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា:
4. «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា
5. ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។
6. ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
7. អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។
8. កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។
9. សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងថែមទៀត។
10. ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។
11. ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។