សុភាសិត 7:8-19 Khmer Standard Version (KHSV)

8. ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។

9. ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។

10. ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់‌ទាញ​ចិត្ត​គេ។

11. នាង​ពុះ‌កញ្ជ្រោល ស្រើប‌ស្រាល ឥត​អៀន​ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។

12. នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។

13. នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា

14. «ថ្ងៃ​នេះ ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ ដើម្បី​លា​បំណន់។

15. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ ខ្ញុំ​ជួប​បង​មែន!។

16. ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចំរុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។

17. ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។

18. សូម​អញ្ជើញ​មក យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា​រហូត​ដល់​ព្រឹក​ស្អែក។

19. ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។

សុភាសិត 7