សុភាសិត 6:15-26 Khmer Standard Version (KHSV)

15. ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់‌ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែ‌កុន​ពុំ​បាន។

16. មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំ‌ពីរ​យ៉ាង ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​មិន​អាច​ទ្រាំ‌ទ្រ​បាន​គឺ:

17. ការ​វាយ‌ឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់

18. ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់

19. ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បង‌ប្អូន។

20. កូន​អើយ ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។

21. ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។

22. ពេល​កូន​ទៅ​ណា​មក​ណា​ដំបូន្មាន​នេះ​នាំ​ផ្លូវ​កូន ការពារ​កូន​ក្នុង​ពេល​ដេក ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់

23. ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀន‌ប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។

24. ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។

25. កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។

26. ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។

សុភាសិត 6