សុភាសិត 31:5-20 Khmer Standard Version (KHSV)

5. កាល​ណា​គេ​ស្រវឹង គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់ ហើយ​បំពាន​លើ​សិទ្ធិ​របស់​ប្រជា‌រាស្ត្រ​ក្រីក្រ។

6. គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ

7. ដ្បិត​កាល​ណា​គេ​ផឹក គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្លួន​ទៀត។

8. ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។

9. ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌​ឲ្យ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។

10. ស្ត្រី​គ្រប់​លក្ខណ៍​កម្រ​រក​បាន​ណាស់ នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។

11. ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែងតែ​ធ្វើ​ឲ្យ​ស្វាមី​ចម្រុង‌ចម្រើន។

12. នាង​តែងតែ​ផ្ដល់​សុភមង្គល​ឲ្យ​ស្វាមី​អស់​មួយ​ជីវិត គឺ​នាង​មិន​ធ្វើ​ឲ្យ​ស្វាមី​ជួប​អពមង្គល​ឡើយ។

13. នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។

14. នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។

15. នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​ធ្វើ។

16. នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។

17. នាង​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។

18. នាង​ឃើញ​កិច្ចការ​របស់​នាង​បាន​ចម្រើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។

19. នាង​កាន់​ខ្នារ​រវៃ​អំបោះ រួច​នាង​បោះ​ត្រល់​ត្បាញ។

20. នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ ហើយ​ជួយ​ជន​ទុគ៌ត។

សុភាសិត 31