1. នេះជាព្រះបន្ទូលរបស់ព្រះបាទលេមយួល ជាសេចក្ដីទូន្មាន ដែលទ្រង់បានទទួលពីមាតា។
2. កូនអើយ ម្ដាយបានបន់ស្រន់សុំឲ្យមានកូន ហើយម្ដាយបានបង្កើតកូនមក ហេតុនេះ ចូរស្ដាប់ពាក្យម្ដាយ!។
3. ចូរកុំឲ្យស្រីៗដណ្ដើមយកកម្លាំងរបស់កូនបានឡើយ ហើយក៏កុំទុកឲ្យស្រីៗ ដែលធ្លាប់តែធ្វើឲ្យស្ដេចវិនាស អាចដឹកមុខកូនបានដែរ។
4. ចូរកូនចាំឲ្យច្បាស់ថា ស្ដេច និងមេដឹកនាំទាំងឡាយ មិនត្រូវសេពសុរា និងគ្រឿងស្រវឹងផ្សេងៗឡើយ។
5. កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។
6. គួរឲ្យគ្រឿងស្រវឹងទៅអ្នកជិតស្លាប់ និងឲ្យស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ
7. ដ្បិតកាលណាគេផឹក គេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ខ្លួនទៀត។
8. ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។
9. ចូរនិយាយការពារ និងរកយុត្តិធម៌ឲ្យអ្នកក្រីក្រ និងជនទុគ៌ត។
10. ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។
11. ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើឲ្យស្វាមីចម្រុងចម្រើន។
12. នាងតែងតែផ្ដល់សុភមង្គលឲ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឲ្យស្វាមីជួបអពមង្គលឡើយ។