14. ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។
15. ឈ្លើងមានកូនពីរដែលមានឈ្មោះថា «សុំ!» «សុំ!»។ មានការបីបួនយ៉ាងដែលមិនចេះស្កប់ និងមិនចេះឆ្អែតឆ្អន់
16. គឺស្ថានមច្ចុរាជ ស្ត្រីអារ ដីហួតហែង និងភ្លើងដែលឆេះមិនចេះអស់មិនចេះហើយ។
17. អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
18. មានរឿងបីបួនយ៉ាង ហួសពីសមត្ថភាពដែលខ្ញុំអាចយល់បាន
19. គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។
20. ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។
21. មានរឿងបីបួនយ៉ាងដែលធ្វើឲ្យក្រឡាប់ផែនដី ព្រោះផែនដីទ្រាំពុំបាន
22. គឺមនុស្សខ្ញុំគេឡើងសោយរាជ្យ មនុស្សខ្លៅមានអាហារបរិបូណ៌
23. ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។
24. មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ:
25. ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ។
26. ទន្សាយជាសត្វខ្សោយ តែចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។
27. កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។