1. នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល
2. មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។
3. ខ្ញុំមិនបានរៀនអំពីប្រាជ្ញាទេ តែខ្ញុំស្គាល់វិជ្ជាស្ដីអំពីព្រះដ៏វិសុទ្ធ។
4. តើមាននរណាបានឡើងទៅស្ថានបរមសុខ រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកម្រិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
5. ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
6. កុំយកអ្វីមកបន្ថែមពីលើព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសថា អ្នកជាមនុស្សកុហក។
7. ព្រះអម្ចាស់អើយ! ទូលបង្គំទូលសូមសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមប្រោសប្រទានតាមសំណូមពររបស់ទូលបង្គំ មុនពេលទូលបង្គំស្លាប់។
8. សូមកុំបណ្ដោយឲ្យទូលបង្គំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យទូលបង្គំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។
9. ប្រសិនបើទូលបង្គំមានទ្រព្យច្រើនពេក ក្រែងលោទូលបង្គំវង្វេងឆ្ងាយពីព្រះអង្គ ដោយពោលថា «តើព្រះអម្ចាស់ជានរណា?» ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះរបស់ទូលបង្គំ។
10. កុំមួលបង្កាច់អ្នកបម្រើប្រាប់ចៅហ្វាយឡើយ ក្រែងលោអ្នកបម្រើនោះដាក់បណ្ដាសាអ្នក ហើយអ្នកត្រូវទទួលទោស។
11. ជនប្រភេទខ្លះដាក់បណ្ដាសាឪពុក ហើយមិនដែលដឹងគុណម្ដាយទេ។
12. ជនប្រភេទខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។