9. ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្តែងការគោរពចំពោះព្រះអង្គ។
10. ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។
11. កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ
12. ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។
13. អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ
14. ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀត។
15. ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។
16. ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។
17. ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។
18. ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។