2. ឱវាទរបស់ឪពុកនឹងផ្ដល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។
3. ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។
4. ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
5. កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។
6. ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។
7. កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ហើយងាកចេញពីអំពើអាក្រក់។
8. ការប្រព្រឹត្តដូច្នេះជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។
9. ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្តែងការគោរពចំពោះព្រះអង្គ។
10. ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។
11. កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ
12. ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។