19. ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
20. ព្រះអង្គបានធ្វើឲ្យទឹកផុសចេញពីទីជម្រៅ និងឲ្យពពកបង្អុរភ្លៀងចុះមក ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ។
21. កូនអើយ ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច កុំធ្វេសប្រហែសឡើយ
22. ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណាផ្ដល់ឲ្យកូនមានជីវិត មានកិរិយាមារយាទថ្លៃថ្នូរ។
23. ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។
24. កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។
25. កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ
26. ដ្បិតព្រះអម្ចាស់នឹងការពារកូន ព្រះអង្គមិនបណ្ដោយឲ្យកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។
27. មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។
28. បើអ្នកដទៃមកសុំអ្វីពីកូន ហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ ចាំស្អែក សឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។
29. មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។
30. កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។
31. កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ
32. ដ្បិតព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។
33. ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។