សុភាសិត 29:8-18 Khmer Standard Version (KHSV)

8. មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។

9. ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។

10. ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។

11. មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​កំហឹង។

12. កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។

13. អ្នក​ទុគ៌ត និង​អ្នក​ជិះ‌ជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។

14. ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ត្រ​ក្រីក្រ ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។

15. ការ​វាយ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។

16. កាល​ណា​មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។

17. ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។

18. ពេល​ណា​គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់​ទេ ប្រជា‌ជន​នឹង​ជ្រួល‌ច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ពិត​ជា​មាន​សុភមង្គល។

សុភាសិត 29