5. អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។
6. មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។
7. មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។
8. មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។
9. ប្រសិនបើមនុស្សមានប្រាជ្ញាឡើងក្ដីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬសើចក្ដី ក៏គាត់មិនបានស្ងប់ចិត្តដែរ។
10. ពួកឃាតករមែងស្អប់មនុស្សទៀងត្រង់ រីឯមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។
11. មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។
12. កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
13. អ្នកទុគ៌ត និងអ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់ប្រទានឲ្យអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។
14. ស្ដេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រ ដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។
15. ការវាយប្រដៅ និងការស្ដីបន្ទោស រមែងធ្វើឲ្យមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្ដោយឲ្យធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្ដាយ។
16. កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។
17. ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើឲ្យអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។
18. ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។
19. គេមិនអាចប្រដៅខ្ញុំបម្រើនឹងពាក្យសម្ដីបានទេ ដ្បិតទោះបីវាយល់ក្ដី ក៏វាមិនធ្វើតាមដែរ។
20. ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។