សុភាសិត 29:2-15 Khmer Standard Version (KHSV)

2. កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។

3. អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា​តែងតែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​អ្នក​ដែល​សេព‌គប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។

4. ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​ឲ្យ​ស្រុក​បាន​ចម្រើន​ឡើង រីឯ​ស្ដេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ រមែង​ធ្វើ​ឲ្យ​ស្រុក​ហិន‌ហោច។

5. អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។

6. មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7. មនុស្ស​សុចរិត​តែងតែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។

8. មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។

9. ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។

10. ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។

11. មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​កំហឹង។

12. កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។

13. អ្នក​ទុគ៌ត និង​អ្នក​ជិះ‌ជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។

14. ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ត្រ​ក្រីក្រ ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។

15. ការ​វាយ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។

សុភាសិត 29