9. អ្នកណាមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ សូម្បីតែពាក្យអធិស្ឋានរបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។
10. អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលសុភមង្គល។
11. អ្នកមានទ្រព្យរមែងស្មានថាខ្លួនមានប្រាជ្ញា តែមនុស្សទុគ៌តដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។
12. កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។
13. អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។
14. អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូសមុខជាជួបនឹងទុក្ខលំបាក។
15. មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុគ៌ត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រប់។
16. អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ រីឯអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
17. អ្នកដែលមានទោស ព្រោះសម្លាប់គេ ទោះបីគ្មាននរណាតាមចាប់ក៏ដោយ ក៏គង់តែអ្នកនោះត្រូវធ្លាក់ក្នុងរណ្ដៅដែរ។
18. អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។
19. អ្នកដែលខំធ្វើស្រែចម្ការតែងតែមានអាហារបរិបូណ៌ រីឯអ្នកខ្ជិលច្រអូសរមែងធ្លាក់ខ្លួនក្រតោកយ៉ាក។
20. មនុស្សស្មោះត្រង់តែងតែទទួលពរបរិបូណ៌ រីឯអ្នកដែលគិតតែពីខំប្រឹងរកទ្រព្យឲ្យបានធ្វើជាអ្នកមានឆាប់ៗ រមែងទទួលទោស។