10. កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។
11. កូនអើយ ចូរមានប្រាជ្ញាឡើង នោះឪពុកនឹងសប្បាយចិត្ត ហើយបើមាននរណាដៀលឪពុក នោះឪពុកអាចនឹងឆ្លើយវិញបាន។
12. កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
13. បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
14. បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។
15. ស្ត្រីពូកែឈ្លោះប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះឈប់ នៅថ្ងៃមានភ្លៀង។
16. នរណាចង់ឃាត់នាង ក៏ដូចជាចង់ឃាត់ខ្យល់ ឬចង់យកដៃចាប់ប្រេងដែរ។
17. ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏បង្រៀនគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
18. អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
19. មនុស្សអាចឆ្លុះមើលឃើញមុខរបស់ខ្លួននៅក្នុងទឹក ហើយអាចឃើញចិត្តរបស់ខ្លួនដោយសម្លឹងមើលអ្នកដទៃ។
20. ស្ថានមនុស្សស្លាប់ និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។
21. គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយដុតក្នុងភ្លើង រីឯមនុស្សវិញ គេអាចស្គាល់តម្លៃដោយសារកេរ្តិ៍ឈ្មោះ។
22. ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។