សុភាសិត 27:1-9 Khmer Standard Version (KHSV)

1. កុំ​អួត​អំពី​រឿង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ផង។

2. កុំ​សរសើរ​ខ្លួន​ឯង​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ដទៃ​សរសើរ​ពី​អ្នក​វិញ គឺ​ដាច់​ខាត​កុំ​សរសើរ​ខ្លួន​ឯង។

3. ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។

4. កំរោល​របស់​មនុស្ស​ឃោរ‌ឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ រីឯ​ចិត្ត​ប្រច័ណ្ឌ​វិញ តើ​នរណា​អាច​ទប់​ទល់​បាន។

5. រិះគន់​ដោយ​ចំហ​ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។

6. ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។

7. អ្នក​ឆ្អែត​ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។

8. មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។

9. ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។

សុភាសិត 27