9. សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកគ្រវីនៅក្នុងដៃ។
10. ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើឲ្យគេឯងអំពល់ទុក្ខគ្រប់គ្នា។
11. មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។
12. ប្រសិនបើអ្នកឃើញនរណាម្នាក់ អួតខ្លួនថាជាមនុស្សមានប្រាជ្ញា តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។
13. មនុស្សកំជិលតែងពោលថា «មានកូនសិង្ហមួយនៅខាងក្រៅ ហើយមានសិង្ហឈ្មោលមួយនៅតាមផ្លូវ»។
14. ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកំជិលនៅននៀលជាប់នឹងគ្រែជានិច្ច។
15. មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយត្អូញថាហត់ពេក។
16. មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលចេះឆ្លើយដោយវាងវៃ។
17. ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។
18. អ្នកណាបោកបញ្ឆោតគេ រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេង»
19. អ្នកនោះប្រៀបដូចជាមនុស្សកំរោលចូល ដែលចោលអង្កត់អុសជុំវិញខ្លួន ហើយបាញ់ព្រួញ ដើម្បីសម្លាប់គេ។
20. ពេលណាអស់អុស ភ្លើងក៏រលត់ ពេលណាអស់មនុស្សនិយាយមួលបង្កាច់គេ ជំលោះក៏បាត់អស់ដែរ។
21. មនុស្សអុជអាលធ្វើឲ្យមានជំលោះកាន់តែខ្លាំងឡើងៗ ប្រៀបដូចជាធ្យូង និងអុស ដែលធ្វើឲ្យភ្លើងរឹតតែឆេះឡើង។
22. ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ចិត្ត។
23. សម្ដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។
24. មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។
25. កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។