2. ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យប្រទូស្តរាយ។
3. ដោយសារប្រាជ្ញា គេសង់ផ្ទះបាន ដោយសារការឈ្លាសវៃ គេធ្វើឲ្យផ្ទះនោះរឹងមាំ
4. ហើយដោយសារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។
5. អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។
6. មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យ។
7. មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ ពេលណាមានរឿងសំខាន់ដែលត្រូវពិភាក្សា អ្នកនោះពុំអាចហាមាត់និយាយបានឡើយ។
8. អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។
9. មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប រីឯមនុស្សចំអកឡកឡឺយតែងតែធ្វើឲ្យគេស្អប់គ្រប់គ្នា។
10. បើអ្នកបាត់បង់សេចក្ដីក្លាហានក្នុងពេលមានអាសន្ន បានសេចក្ដីថា កម្លាំងរបស់អ្នកទន់ខ្សោយណាស់។
11. ចូរជួយសង្គ្រោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត ហើយខំប្រឹងរំដោះអស់អ្នកដែលគេនាំទៅសម្លាប់។
12. បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា ព្រះជាម្ចាស់ដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ព្រះអង្គពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយព្រះអង្គតបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។
13. កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតទឹកឃ្មុំមានរសជាតិឆ្ងាញ់ ហើយផ្អែមជាប់មាត់។
14. រីឯប្រាជ្ញាក៏ដូច្នោះដែរ ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។