សុភាសិត 24:16-27 Khmer Standard Version (KHSV)

16. ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។

17. ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ

18. ក្រែង​លោ​ព្រះ‌អម្ចាស់ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។

19. កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។

20. មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។

21. កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ

22. ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។

23. អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា: ពេល​កាត់​ក្ដី​មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។

24. បើ​ចៅ‌ក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋ‌ជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជា‌ជន​នឹង​ដាក់​បណ្ដាសា​ចៅ‌ក្រម​នោះ ហើយ​ប្រជា‌ជាតិ​នានា​ក៏​ស្អប់​ចៅ‌ក្រម​នោះ​ដែរ។

25. ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភមង្គល។

26. ចម្លើយ​ស្មោះ​ត្រង់​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។

27. ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការ‌ងារ​នៅ​ឯ​ស្រែ​ចម្ការ​សិន រួច​សឹម​សង់​ផ្ទះ។

សុភាសិត 24