12. បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា ព្រះជាម្ចាស់ដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ព្រះអង្គពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយព្រះអង្គតបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។
13. កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតទឹកឃ្មុំមានរសជាតិឆ្ងាញ់ ហើយផ្អែមជាប់មាត់។
14. រីឯប្រាជ្ញាក៏ដូច្នោះដែរ ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។
15. កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់ទៅដាក់នៅមុខផ្ទះរបស់មនុស្សសុចរិតឡើយ ហើយក៏កុំបំផ្លិចបំផ្លាញទីលំនៅរបស់គេដែរ
16. ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
17. ពេលឃើញខ្មាំងសត្រូវរបស់អ្នកបរាជ័យ កុំត្រេកអរឡើយ ហើយបើឃើញគេជំពប់ដួលក៏មិនត្រូវសប្បាយរីករាយដែរ
18. ក្រែងលោព្រះអម្ចាស់ទតឃើញ ទ្រង់មិនសព្វព្រះហឫទ័យ ហើយទ្រង់លែងធ្វើទោសគេ។
19. កុំក្ដៅចិត្តនឹងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយក៏កុំច្រណែននឹងមនុស្សអាក្រក់ឲ្យសោះ។
20. មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។
21. កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ
22. ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើព្រះអម្ចាស់ ឬស្ដេច ដាក់ទោសពួកគេយ៉ាងណាទេ។
23. អ្នកប្រាជ្ញពោលទៀតថា: ពេលកាត់ក្ដីមិនត្រូវរើសមុខអ្នកណាឡើយ។
24. បើចៅក្រមនិយាយទៅកាន់ឧក្រិដ្ឋជនថា “អ្នកគ្មានទោសទេ!” ប្រជាជននឹងដាក់បណ្ដាសាចៅក្រមនោះ ហើយប្រជាជាតិនានាក៏ស្អប់ចៅក្រមនោះដែរ។
25. ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។
26. ចម្លើយស្មោះត្រង់ជាភស្ដុតាងនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។
27. ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការងារនៅឯស្រែចម្ការសិន រួចសឹមសង់ផ្ទះ។
28. កុំចោទប្រកាន់អ្នកដទៃដោយគ្មានហេតុផល ហើយក៏កុំនិយាយកុហក បោកបញ្ឆោតគេដែរ។
29. កុំពោលថា «គេប្រព្រឹត្តចំពោះខ្ញុំបែបណា ខ្ញុំនឹងប្រព្រឹត្តចំពោះគេវិញបែបនោះដែរ ខ្ញុំនឹងតបស្នងដល់គេម្នាក់ៗ តាមអំពើដែលពួកគេបានប្រព្រឹត្ត»។