សុភាសិត 23:15-33 Khmer Standard Version (KHSV)

15. កូន​អើយ បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។

16. បើ​កូន​ពោល​ពាក្យ​ទៀង‌ត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។

17. កុំ​ចង់​យក​តម្រាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោត​ខ្លាចព្រះ‌អម្ចាស់ ទាំង​យប់​ទាំង​ថ្ងៃ

18. ធ្វើ​ដូច្នេះ កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។

19. កូន​អើយ ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀង‌ត្រង់។

20. កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ

21. ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សំលៀក‌បំពាក់។

22. ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។

23. ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់‌លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា

24. ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លប់ ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។

25. ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើស‌លប់។

26. កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។

27. ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ រីឯ​ប្រពន្ធ​គេ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។

28. ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។

29. តើ​អ្នក​ដែល​ត្រូវ​គេ​មើល‌ងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូ‌រទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា?

30. គឺ​អ្នក​វក់​នឹង​ស្រា អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។

31. កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។

32. នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​ចឹក។

33. ភ្នែក​របស់​អ្នក​ព្រិល មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចម្លែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។

សុភាសិត 23