1. ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។
2. អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។
3. កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
4. មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
5. ផ្លូវអសីលធម៌មានសុទ្ធតែបន្លា និងអន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀសឆ្ងាយពីផ្លូវនោះ។
6. ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។
7. អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។
8. អ្នកសាបព្រោះអំពើអាក្រក់តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេឲ្យប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។
9. មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុគ៌ត។
10. បំបាត់មនុស្សចំអកឡកឡឺយ ជំលោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយ លែងមានទៀតហើយ។
11. អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសា អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្ដេច។
12. ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។
13. មនុស្សកំជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។
14. ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យតែងតែជាប់អន្ទាក់នោះ។
15. ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។
16. ជនទុគ៌តដែលត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន រីឯអ្នកដែលយកទ្រព្យទៅឲ្យអ្នកមាន នឹងបណ្ដាលឲ្យធ្លាក់ខ្លួនក្រ។
17. ចូរផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញ ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់ខ្ញុំ
18. នោះអ្នកនឹងសប្បាយចិត្ត ដោយចងចាំ ហើយត្រៀមខ្លួនស្រដីចេញមកជានិច្ច។