3. ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។
4. ទឹកមុខក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។
5. អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងម៉ត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។
6. អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។
7. ចិត្តឃោរឃៅរបស់មនុស្សអាក្រក់ នាំឲ្យខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។
8. ជនឧក្រិដ្ឋដើរតាមផ្លូវវៀចវេរ រីឯមនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់។
9. ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។
10. មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។
11. បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។
12. ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។
13. អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
14. ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។
15. ការប្រព្រឹត្តដោយយុត្តិធម៌រមែងផ្ដល់ឲ្យមនុស្សសុចរិតមានអំណរ តែធ្វើឲ្យមនុស្សទុច្ចរិតភ័យតក់ស្លុត។
16. អ្នកណាលះបង់សុភនិច្ឆ័យ អ្នកនោះនឹងទៅនៅជាមួយមនុស្សស្លាប់។
17. អ្នកដែលភ្លើតភ្លើននឹងការសប្បាយតែងតែធ្លាក់ខ្លួនក្រ រីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយ។
18. មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។
19. ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។
20. ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញរមែងបង្ហិនទាំងអស់។