សុភាសិត 21:13-26 Khmer Standard Version (KHSV)

13. អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សម្រែក​របស់​មនុស្ស​ទុគ៌ត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ នឹង​គ្មាន​នរណា​អើពើ​ឡើយ។

14. ជំនូន​ដែល​ជូន​ដោយ​សម្ងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍ ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។

15. ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​រមែង​ផ្ដល់​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ តែ​ធ្វើ​ឲ្យ​មនុស្ស​ទុច្ចរិត​ភ័យ​តក់‌ស្លុត។

16. អ្នក​ណា​លះ‌បង់​សុភ‌និច្ឆ័យ អ្នក​នោះ​នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។

17. អ្នក​ដែល​ភ្លើត‌ភ្លើន​នឹង​ការ​សប្បាយ​តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។

18. មនុស្ស​អាក្រក់​តែងតែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀង‌ត្រង់។

19. ស៊ូ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។

20. ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ​រមែង​បង្ហិន​ទាំង​អស់។

21. អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។

22. មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កម្ទេច​កំពែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។

23. អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សម្ដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។

24. មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​ឲ្យ​អ្នក​ដទៃ អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។

25. បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។

26. មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។

សុភាសិត 21