សុភាសិត 20:19-30 Khmer Standard Version (KHSV)

19. អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។

20. អ្នក​ណា​ប្រទេច‌ផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។

21. អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ អ្នក​នោះ​មិន​បាន​ទទួល​ព្រះ‌ពរ​ឡើយ។

22. កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ្នក។

23. ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដែរ។

24. ព្រះ‌អម្ចាស់​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។

25. ចូរ​រិះគិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ។

26. ស្ដេច​មាន​ប្រាជ្ញា​តែងតែ​កំចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។

27. វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង ដែល​មក​ពី​ព្រះ‌អម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជម្រៅ​ចិត្ត​របស់​គេ។

28. សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ជួយ​ការ‌ពារ​ស្ដេច ហើយ​ទ្រង់​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយ‌សារ​យុត្តិធម៌។

29. កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។

30. របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។

សុភាសិត 20