9. សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរ ក៏មិនរួចខ្លួនដែរ។
10. ជីវភាពខ្ពង់ខ្ពស់មិនស័ក្ដិសមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបម្រើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរ។
11. មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។
12. សេចក្ដីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
13. កូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។
14. ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីព្រះអម្ចាស់។
15. ការខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សងោកងុយ ហើយមនុស្សច្រអូសត្រូវអត់បាយ។
16. អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។
17. អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
18. ចូរប្រដៅកូនក្នុងពេលដែលអ្នកមានសង្ឃឹមថានឹងអាចកែវាបាន កុំខឹងរហូតដល់ធ្វើឲ្យវាស្លាប់នោះឡើយ។
19. មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។
20. ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅ នោះអ្នកនឹងមានប្រាជ្ញា។
21. មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។
22. ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្ស ហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហក។
23. ការគោរពកោតខ្លាចព្រះអម្ចាស់នាំទៅរកជីវិត អ្នកធ្វើដូច្នេះនឹងបានសប្បាយ ហើយដេកលក់យ៉ាងស្កប់ស្កល់ឥតមានកង្វល់អ្វីឡើយ។
24. មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។