7. មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។
8. អ្នកណាចេះគិតពិចារណា អ្នកនោះស្រឡាញ់ខ្លួនឯង អ្នកណារក្សាការយល់ដឹង អ្នកនោះមានសុភមង្គល។
9. សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរ ក៏មិនរួចខ្លួនដែរ។
10. ជីវភាពខ្ពង់ខ្ពស់មិនស័ក្ដិសមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបម្រើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរ។
11. មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។
12. សេចក្ដីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
13. កូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។
14. ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីព្រះអម្ចាស់។
15. ការខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សងោកងុយ ហើយមនុស្សច្រអូសត្រូវអត់បាយ។
16. អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។
17. អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។