9. អ្នកធ្វេសប្រហែសក្នុងការងារ និងអ្នកបំផ្លាញការងារ ជាបងប្អូននឹងគ្នា។
10. ព្រះនាមរបស់ព្រះអម្ចាស់ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
11. រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។
12. ចិត្តអំនួតរមែងនាំឲ្យអន្តរាយ។ មុននឹងទទួលសិរីរុងរឿងតោងដាក់ខ្លួនជាមុនសិន។
13. អ្នកណាប្រញាប់ឆ្លើយមុននឹងស្ដាប់ អ្នកនោះជាមនុស្សល្ងង់ ហើយត្រូវបាក់មុខ។
14. ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ តែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។
15. មនុស្សឈ្លាសវៃរមែងរកបានចំណេះ រីឯមនុស្សមានប្រាជ្ញាតែងតែស្ដាប់ ដើម្បីស្វែងរកចំណេះ។
16. ជំនូនអាចបើកផ្លូវឲ្យមនុស្សចូលទៅជិតអ្នកធំបាន។
17. ដើមចោទតែងតែយល់ថា ក្ដីរបស់ខ្លួនត្រឹមត្រូវ លុះចុងចោទមកដល់ គេឲ្យដើមចោទនោះបង្ហាញភស្ដុតាង។
18. ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។
19. ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។ រីឯជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ។
20. មនុស្សអាចរកអាហារបាន ដោយសារពាក្យសម្ដី ហើយអ្វីៗដែលគេនិយាយធ្វើឲ្យគេអាចចិញ្ចឹមជីវិតបាន។
21. ស្លាប់ ឬរស់ ព្រោះតែសម្ដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសម្ដីរបស់ខ្លួន។
22. អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញសុភមង្គល ដែលជាព្រះអំណោយទានមកពីព្រះអម្ចាស់ដែរ។