សុភាសិត 17:14-26 Khmer Standard Version (KHSV)

14. បង្ក​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។

15. អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។

16. ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ​គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។

17. កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បង‌ប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។

18. អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។

19. អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។

20. មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។

21. អ្នក​ណា​បង្កើត​កូន​ល្ងី‌ល្ងើ អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។

22. ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។

23. មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​យុត្តិធម៌។

24. ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាស‌វៃ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។

25. កូន​ភ្លី‌ភ្លើ​ធ្វើ​ឲ្យ​ឪពុក​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​សោក‌ស្ដាយ។

26. ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃ‌ថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀង‌ត្រង់​ក៏​មិន​ល្អ​ដែរ។

សុភាសិត 17