8. រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
9. មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។
10. ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលំអៀង។
11. ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។
12. ស្ដេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ ដ្បិតរាជសម្បត្តិអាចរឹងមាំបាន ដោយសារសេចក្ដីសុចរិត។
13. ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។
14. សេចក្ដីក្រោធរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។
15. ព្រះភ័ក្ត្ររីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
16. ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។
17. ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។
18. អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។
19. ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ ប្រសើរជាងចែកជយភ័ណ្ឌជាមួយមនុស្សអួតអាង។
20. អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចម្រុងចម្រើន រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់រមែងមានសុភមង្គល។
21. មនុស្សដែលចេះគិតពិចារណាជាមនុស្សឈ្លាសវៃ រីឯអ្នកដែលចេះនិយាយទន់ភ្លន់ រមែងធ្វើឲ្យគេទុកចិត្ត។
22. សុភនិច្ឆ័យប្រៀបដូចជាប្រភពនៃជីវិតសម្រាប់អ្នកចេះគិតគូរ រីឯជនល្ងង់ខ្លៅត្រូវទទួលទោស ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។
23. មនុស្សដែលចេះពិចារណារមែងរិះគិតមុននឹងនិយាយ ហើយអ្វីៗដែលអ្នកនោះនិយាយ រមែងធ្វើឲ្យគេទុកចិត្ត។