12. ស្ដេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ ដ្បិតរាជសម្បត្តិអាចរឹងមាំបាន ដោយសារសេចក្ដីសុចរិត។
13. ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។
14. សេចក្ដីក្រោធរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។
15. ព្រះភ័ក្ត្ររីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
16. ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។
17. ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។
18. អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។
19. ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ ប្រសើរជាងចែកជយភ័ណ្ឌជាមួយមនុស្សអួតអាង។
20. អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចម្រុងចម្រើន រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់រមែងមានសុភមង្គល។