1. មនុស្សគិតគូរគម្រោងការរបស់ខ្លួន តែការសម្រេចស្ថិតនៅលើព្រះអម្ចាស់។
2. មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។
3. ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។
4. អ្វីៗដែលព្រះអម្ចាស់ធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្ម នៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរ។
5. ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សវាយឫកខ្ពស់ទេ ព្រះអង្គពិតជាដាក់ទោសគេមិនខាន។
6. ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់រមែងចៀសផុតពីអំពើបាប។
7. កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
8. រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
9. មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។
10. ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលំអៀង។
11. ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។
12. ស្ដេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ ដ្បិតរាជសម្បត្តិអាចរឹងមាំបាន ដោយសារសេចក្ដីសុចរិត។
13. ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។
14. សេចក្ដីក្រោធរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។
15. ព្រះភ័ក្ត្ររីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
16. ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។
17. ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។
18. អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។