សុភាសិត 14:17-28 Khmer Standard Version (KHSV)

17. អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេស‌ផ្ដាស រីឯ​អ្នក​ដែល​មាន​កល‌ល្បិច តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់។

18. មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត​រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។

19. មនុស្ស​អាក្រក់​មុខ​ជា​អោន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។

20. អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិត‌ដិត​ក៏​មិន​រាប់​អាន​ដែរ រីឯ​អ្នក​មាន​វិញ សម្បូណ៌​អ្នក​រាប់​អាន​ណាស់។

21. អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប រីឯ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​មាន​សុភមង្គល។

22. អស់​អ្នក​ដែល​មាន​បំណង​អាក្រក់​តែងតែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ​រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។

23. អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោក‌ប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។

24. សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។

25. សាក្សី​ដែល​គេ​ទុក​ចិត្ត​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន រីឯ​អ្នក​ដែល​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​រមែង​នាំ​ឲ្យ​វិនាស។

26. អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹង‌មាំ ហើយ​ព្រះ‌អង្គ​ធ្វើ​ជា​ជម្រក​ដល់​កូន​ចៅ​របស់​គេ។

27. ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។

28. ព្រះ​មហា‌ក្សត្រ​បាន​រុងរឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។

សុភាសិត 14