សុភាសិត 14:12-19 Khmer Standard Version (KHSV)

12. មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។

13. ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។

14. មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។

15. មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។

16. មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។

17. អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេស‌ផ្ដាស រីឯ​អ្នក​ដែល​មាន​កល‌ល្បិច តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់។

18. មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត​រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។

19. មនុស្ស​អាក្រក់​មុខ​ជា​អោន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។

សុភាសិត 14