1. ស្ត្រីមានប្រាជ្ញាតែងតែកសាងគ្រួសាររបស់ខ្លួន រីឯស្ត្រីឥតមារយាទតែងតែបំផ្លាញគ្រួសារ ដោយដៃរបស់ខ្លួនផ្ទាល់។
2. អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាចព្រះអម្ចាស់ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយព្រះអង្គ។
3. មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាង រីឯពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។
4. អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ។ គេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។
5. សាក្សីគួរឲ្យទុកចិត្ត មិនដែលនិយាយកុហកទេ រីឯសាក្សីក្លែងក្លាយតែងតែស្រដីចេញនូវពាក្យកុហកគ្រប់យ៉ាង។
6. មនុស្សព្រហើនខំស្វែងរកប្រាជ្ញា តែរកមិនឃើញទេ រីឯមនុស្សដែលចេះគិតពិចារណា រកតម្រិះបានយ៉ាងងាយ។
7. ចូរចៀសឲ្យឆ្ងាយពីមនុស្សខ្លៅ ព្រោះមិនដែលមានពាក្យចេះដឹងណាចេញពីមាត់អ្នកនោះឡើយ។
8. ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ រីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់ខ្លួន។
9. មនុស្សល្ងីល្ងើមិនរវីរវល់នឹងបាបរបស់ខ្លួនទេ រីឯមនុស្សទៀងត្រង់តែងតែគាប់ព្រះហឫទ័យព្រះជាម្ចាស់។
10. ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។
11. ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។
12. មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។