1. កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។
2. មនុស្សម្នាក់ៗទទួលផលល្អដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សក្បត់រមែងទទួលអំពើហិង្សា។
3. អ្នកណាចេះប្រយ័ត្នពាក្យសម្ដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។
4. សេចក្ដីប៉ងប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសម្រេចទេ រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។
5. មនុស្សសុចរិតតែងតែស្អប់ពាក្យកុហក រីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។
6. សេចក្ដីសុចរិតតែងតែការពារមនុស្សទៀងត្រង់ រីឯអំពើបាបបណ្ដាលឲ្យមនុស្សអាក្រក់វិនាស។
7. អ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាម រីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្ដុកស្ដម្ភ។
8. អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។
9. មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ រីឯមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។
10. ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។
11. ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ រីឯទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។
12. ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។