1. អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។
2. ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សសប្បុរស តែព្រះអង្គដាក់ទោសមនុស្សមានល្បិច។
3. គ្មាននរណាពង្រឹងអំណាចរបស់ខ្លួន ដោយអំពើឃោរឃៅបានទេ តែមនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយ។
4. ភរិយាថ្លៃថ្នូរតែងតែផ្ដល់កិត្តិយសឲ្យស្វាមី រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្ដី។
5. មនុស្សសុចរិតគិតតែពីធ្វើអ្វីដែលស្របច្បាប់ រីឯមនុស្សអាក្រក់គិតតែពីធ្វើអំពើល្មើសច្បាប់។
6. ពាក្យសម្ដីរបស់មនុស្សអាក្រក់សុទ្ធតែជាអន្ទាក់សម្លាប់គេ រីឯសម្ដីរបស់មនុស្សទៀងត្រង់តែងតែសង្គ្រោះគេវិញ។
7. បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។
8. មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរតែងតែមានគេមើលងាយ។
9. រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអង្ករច្រកឆ្នាំង។
10. មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។
11. អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។
12. មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចម្រើនឡើង។
13. មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតតែងតែរួចពីទុក្ខកង្វល់។
14. មនុស្សម្នាក់ៗរកបានសុភមង្គល ដោយសារពាក្យសម្ដីដូចគេរកប្រាក់បាន ដោយសារខំប្រឹងប្រែងធ្វើការដែរ។
15. មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។