8. ព្រះជាម្ចាស់តែងតែរំដោះមនុស្សសុចរិតឲ្យរួចពីទុក្ខកង្វល់ តែព្រះអង្គឲ្យមនុស្សអាក្រក់រងទុក្ខជំនួសវិញ។
9. មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។
10. ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។
11. ពេលមនុស្សត្រឹមត្រូវទទួលពរ ទីក្រុងទាំងមូលក៏ចម្រុងចម្រើនដែរ ផ្ទុយទៅវិញ ដោយសារពាក្យសម្ដីរបស់មនុស្សអាក្រក់ ទីក្រុងត្រូវរលំ។
12. អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សមិនចេះពិចារណា រីឯមនុស្សចេះដឹងតែងតែនៅស្ងៀម។
13. អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ រីឯអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។
14. ប្រទេសដែលគ្មានអ្នកដឹកនាំ ប្រជាជនតែងតែវិនាស រីឯប្រទេសដែលមានទីប្រឹក្សាច្រើន តែងតែមានជោគជ័យ។
15. អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
16. ស្ត្រីរូបស្អាតតែងតែមានគេសរសើរ រីឯមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។
17. អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
18. មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។
19. សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត រីឯអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។
20. ព្រះអម្ចាស់ស្អប់មនុស្សវៀចវេរ តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។
21. មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។