10. ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។
11. ពេលមនុស្សត្រឹមត្រូវទទួលពរ ទីក្រុងទាំងមូលក៏ចម្រុងចម្រើនដែរ ផ្ទុយទៅវិញ ដោយសារពាក្យសម្ដីរបស់មនុស្សអាក្រក់ ទីក្រុងត្រូវរលំ។
12. អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សមិនចេះពិចារណា រីឯមនុស្សចេះដឹងតែងតែនៅស្ងៀម។
13. អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ រីឯអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។
14. ប្រទេសដែលគ្មានអ្នកដឹកនាំ ប្រជាជនតែងតែវិនាស រីឯប្រទេសដែលមានទីប្រឹក្សាច្រើន តែងតែមានជោគជ័យ។
15. អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
16. ស្ត្រីរូបស្អាតតែងតែមានគេសរសើរ រីឯមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។
17. អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
18. មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។
19. សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត រីឯអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។
20. ព្រះអម្ចាស់ស្អប់មនុស្សវៀចវេរ តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។
21. មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
22. ស្ត្រីមានរូបស្អាតតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។
23. មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ រីឯសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។
24. មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។
25. មនុស្សមានចិត្តសទ្ធាតែងតែបានចម្រុងចម្រើន រីឯអ្នកដាក់ទានទឹកឲ្យគេ តែងតែទទួលទឹកពីគេវិញ។
26. អ្នកដែលទុកស្រូវក្នុងឃ្លាំង ដើម្បីដំឡើងថ្លៃតែងតែត្រូវប្រជាជនដាក់បណ្ដាសា រីឯអ្នកដែលសុខចិត្តលក់ស្រូវរបស់ខ្លួននឹងបានទទួលពរ។
27. ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកដែលព្យាយាមប្រព្រឹត្តល្អ រីឯអ្នកដែលគិតតែពីប្រព្រឹត្តអាក្រក់ តែងតែទទួលផលអាក្រក់។
28. មនុស្សដែលពឹងផ្អែកលើទ្រព្យសម្បត្តិ មុខជាត្រូវអន្តរាយ រីឯមនុស្សសុចរិតប្រៀបបាននឹងស្លឹកឈើលាស់ខៀវខ្ចី។
29. អ្នកណាធ្វើឲ្យគ្រួសាររបស់ខ្លួនមានទុក្ខកង្វល់ អ្នកនោះនឹងមិនទទួលផលអ្វីទាំងអស់។ មនុស្សល្ងីល្ងើនឹងធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់មនុស្សមានប្រាជ្ញា។
30. អំពើដែលមនុស្សសុចរិតប្រព្រឹត្ត ប្រៀបបាននឹងដើមឈើផ្ដល់ជីវិត ហើយអ្នកប្រាជ្ញតែងតែទាក់ទាញចិត្តមនុស្ស។