សុភាសិត 10:9-29 Khmer Standard Version (KHSV)

9. អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។

10. អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។

11. ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។

12. ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។

13. គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។

14. អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។

15. ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។

16. មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។

17. អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។

18. អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ។

19. និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សម្ដី​ជា​អ្នក​មាន​ប្រាជ្ញា។

20. ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។

21. ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងី‌ល្ងើ​តែងតែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។

22. មាន​តែ​ព្រះ‌ពរ​មក​ពី​ព្រះ‌អម្ចាស់​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចម្រុង‌ចម្រើន ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។

23. មនុស្ស​ល្ងី‌ល្ងើ ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទុក​ដូច​ជា​ល្បែង​កំសាន្ត រីឯ​មនុស្ស​មាន​ប្រាជ្ញា​រមែង​ចូល​ចិត្ត​ស្វែង​រក​ការ​ចេះ​ដឹង​វិញ។

24. មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះ‌ជាម្ចាស់​រមែង​ប្រទាន​ឲ្យ។

25. ពេល​ព្យុះ​សង្ឃរា​មក​ដល់ មនុស្ស​ពាល​ត្រូវ​វិនាស តែ​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

26. ម្ជូរ​ធ្វើ​ឲ្យ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​ឲ្យ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កំជិល​ក៏​ធ្វើ​ឲ្យ​ចៅហ្វាយ​មួម៉ៅ​ដែរ។

27. មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​មាន​អាយុ​យឺន‌យូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។

28. សេចក្ដី​សង្ឃឹម​របស់​មនុស្ស​សុចរិត​នាំ​មក​នូវ​អំណរ រីឯ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ពាល គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ។

29. ព្រះ‌អម្ចាស់​ជា​បន្ទាយ​ការពារ​មនុស្ស​ទៀង‌ត្រង់ តែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​ពាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

សុភាសិត 10