16. មនុស្សសុចរិតធ្វើការ ដើម្បីចិញ្ចឹមជីវិត រីឯមនុស្សទុច្ចរិតធ្វើការបានប្រាក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់។
17. អ្នកណាប្រតិបត្តិតាមដំបូន្មាន អ្នកនោះដើរទៅកាន់ផ្លូវជីវិត រីឯអ្នកដែលមិនព្រមទទួលការស្ដីប្រដៅរមែងវង្វេងផ្លូវ។
18. អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
19. និយាយច្រើននាំតែមានបាបច្រើន រីឯអ្នកដែលចេះទប់សម្ដីជាអ្នកមានប្រាជ្ញា។
20. ពាក្យសម្ដីរបស់មនុស្សសុចរិត មានតម្លៃស្មើនឹងប្រាក់សុទ្ធ តែចិត្តគំនិតរបស់មនុស្សពាល គ្មានតម្លៃអ្វីសោះ។
21. ពាក្យសម្ដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រយោជន៍ឲ្យមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។
22. មានតែព្រះពរមកពីព្រះអម្ចាស់ទេ ដែលធ្វើឲ្យមនុស្សចម្រុងចម្រើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
23. មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកំសាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។
24. មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានឲ្យ។
25. ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
26. ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកំជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។
27. មនុស្សគោរពកោតខ្លាចព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។
28. សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។