10. អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
11. ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
12. ចិត្តស្អប់រមែងបង្កជំលោះ រីឯចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។
13. គេអាចសម្គាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសម្ដីដ៏ឆ្លាតវាងវៃ រីឯមនុស្សនិយាយដោយឥតគិតពិចារណា រមែងត្រូវរំពាត់។
14. អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសម្ដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។
15. ទ្រព្យសម្បត្តិរបស់អ្នកមានប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ រីឯភាពទុគ៌តរបស់អ្នកក្រក្សត់ រមែងនាំឲ្យគេវិនាស។
16. មនុស្សសុចរិតធ្វើការ ដើម្បីចិញ្ចឹមជីវិត រីឯមនុស្សទុច្ចរិតធ្វើការបានប្រាក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់។
17. អ្នកណាប្រតិបត្តិតាមដំបូន្មាន អ្នកនោះដើរទៅកាន់ផ្លូវជីវិត រីឯអ្នកដែលមិនព្រមទទួលការស្ដីប្រដៅរមែងវង្វេងផ្លូវ។
18. អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
19. និយាយច្រើននាំតែមានបាបច្រើន រីឯអ្នកដែលចេះទប់សម្ដីជាអ្នកមានប្រាជ្ញា។
20. ពាក្យសម្ដីរបស់មនុស្សសុចរិត មានតម្លៃស្មើនឹងប្រាក់សុទ្ធ តែចិត្តគំនិតរបស់មនុស្សពាល គ្មានតម្លៃអ្វីសោះ។
21. ពាក្យសម្ដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រយោជន៍ឲ្យមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។