7. ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
8. កូនអើយ ចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន
9. ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន ឲ្យបានល្អដូចមកុដ និងខ្សែកមាស។
10. កូនអើយ បើមានជនពាលមកបបួលកូនទៅប្រព្រឹត្តអំពើអាក្រក់ កុំទៅតាមគេឡើយ។
11. បើជនពាលបបួលកូនថា: «ចូរមកជាមួយពួកយើង យើងនឹងស្ទាក់ផ្លូវចាំបង្ហូរឈាម ហើយយើងនឹងវាយឆ្មក់សម្លាប់មនុស្សស្លូតត្រង់លេង។
12. យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ
13. រួចហើយយើងរឹបអូសរបស់មានតម្លៃទាំងប៉ុន្មាន ពីពួកគេយកទៅដាក់ឲ្យពេញផ្ទះយើង។
14. ចូរមករួមជាមួយយើង យើងនឹងចែករបស់ដែលរឹបអូសយកបាននោះជាមួយគ្នា!»។
15. កូនអើយ កុំសេពគប់ជាមួយអ្នកទាំងនោះឡើយ តែត្រូវងាកចេញឲ្យឆ្ងាយពីពួកគេ។
16. ពួកនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយងាយបង្ហូរឈាមណាស់។
17. ដាក់អន្ទាក់ឲ្យសត្វស្លាបឃើញ ជាការឥតប្រយោជន៍។
18. រីឯអ្នកទាំងនោះវិញ គេកំពុងតែរាយអន្ទាក់សម្រាប់ទាក់កខ្លួនឯង ហើយឃុបឃិតប្រហារជីវិតរបស់ខ្លួនឯង។
19. អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។
20. ព្រះប្រាជ្ញាញាណស្រែកនៅតាមផ្លូវ ហើយបន្លឺសំឡេងនៅតាមទីសាធារណៈ
21. ព្រមទាំងអំពាវនាវតាមច្រកដ៏អ៊ូអរ និងប្រកាសនៅមាត់ទ្វារក្រុងថា:
22. មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?
23. ចូរនាំគ្នាមកស្ដាប់ដំបូន្មានរបស់យើង យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើអ្នករាល់គ្នា ហើយយើងនឹងបង្ហាញឲ្យអ្នករាល់គ្នាស្គាល់ចំណេះរបស់យើង។