12. យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ
13. រួចហើយយើងរឹបអូសរបស់មានតម្លៃទាំងប៉ុន្មាន ពីពួកគេយកទៅដាក់ឲ្យពេញផ្ទះយើង។
14. ចូរមករួមជាមួយយើង យើងនឹងចែករបស់ដែលរឹបអូសយកបាននោះជាមួយគ្នា!»។
15. កូនអើយ កុំសេពគប់ជាមួយអ្នកទាំងនោះឡើយ តែត្រូវងាកចេញឲ្យឆ្ងាយពីពួកគេ។
16. ពួកនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយងាយបង្ហូរឈាមណាស់។
17. ដាក់អន្ទាក់ឲ្យសត្វស្លាបឃើញ ជាការឥតប្រយោជន៍។
18. រីឯអ្នកទាំងនោះវិញ គេកំពុងតែរាយអន្ទាក់សម្រាប់ទាក់កខ្លួនឯង ហើយឃុបឃិតប្រហារជីវិតរបស់ខ្លួនឯង។
19. អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។
20. ព្រះប្រាជ្ញាញាណស្រែកនៅតាមផ្លូវ ហើយបន្លឺសំឡេងនៅតាមទីសាធារណៈ
21. ព្រមទាំងអំពាវនាវតាមច្រកដ៏អ៊ូអរ និងប្រកាសនៅមាត់ទ្វារក្រុងថា:
22. មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?
23. ចូរនាំគ្នាមកស្ដាប់ដំបូន្មានរបស់យើង យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើអ្នករាល់គ្នា ហើយយើងនឹងបង្ហាញឲ្យអ្នករាល់គ្នាស្គាល់ចំណេះរបស់យើង។
24. យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។
25. ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ
26. ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកឲ្យអ្នករាល់គ្នាវិញជាមិនខាន។
27. ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា
28. ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។